រួមគ្នាស្រាយវិបាកខ្វះទឹក ក្នុងវិស័យកសិកម្ម

ក្នុងទំព័រហ្វេសប៊ុក នាថ្ងៃទី ៧ ធ្នូ ២០១៥ សម្តេចតេជោបានលើកឡើងថា ឆ្នាំនេះ ដំណាំកសិកម្មនានា ពិ​សេស​ដំណាំស្រូវ ទាំងស្រូវវស្សា ទាំងស្រូវប្រាំងបាន និងកំពុងប្រឈម​នឹង​ការ​ខ្វះទឹក។ ក្នុងសភាពការណ៍​បែបនេះ ជាមួយវិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញរួចមក​ហើយ​ សម្តេចតេជោ បានដាស់តឿន​អោយយកចិត្តទុកដាក់ ក្នុងការអន្តរាគមន៍ជួយបូមទឹកសង្គ្រោះស្រូវប្រជាពល​រដ្ឋ ដោយ​មិនត្រូវទុកអោយ​ស្រូវខូចនៅតំបន់ដែលមានប្រភពទឹកនោះឡើយ។ជាមួយនោះ ប្រមុខរាជរដ្ឋាភិ​បាល បានណែនាំអោយ​កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការ ចាត់តាំងកម្លាំងចុះជួយច្រូតកាត់​ប្រ​មូល​ផលសំរាប់គ្រួសារ​ដែលខ្វះកម្លាំងពលកម្ម ដោយសារតែភាពចាស់​ជរា ជាស្ត្រីមេម៉ាយ ជាជនពិការ និងគ្រួសារយុទ្ឋជនជា​ដើម ព្រម​គ្នា​នឹងស្ថាប័នកសិកម្ម ត្រូវផ្ដល់ពូជដំណាំដល់ប្រជាកសិករ​ ដែលមិនអាចធ្វើស្រែប្រាំងបាន ដោយជំ​រុញអោយ​ពួក​គាត់ដាំដុះដំណាំរួមផ្សំវិញ។ ខណៈដែលបានដាស់តឿនអោយត្រៀមអន្តរាគមន៍កំចាត់សត្វ​បំ​ផ្លាញដំណាំ និងទប់សា្កត់ជម្ងឺសត្វគ្រប់ប្រភេទ សម្តេចតេជោ នៅបានផ្តល់មតិអោយស្ថាប័នហិរញ្ញវត្ថុ​និង​ធនាគារ ត្រូវធ្វើការជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ រកវិធីអនុគ្រោះមួយចំនួនជូនប្រជាជនដែលរងគ្រោះ ដូច​ជាពន្យារពេលសង ឬពន្យារពេលសងដោយមិនយកការប្រាក់ ឬបន្ថយការប្រាក់ ទប់ស្កាត់ការ​ឆ្លៀតឱកាស​រឹបអូសដីធ្លី ផ្ទះសម្បែង ទ្រព្យសម្បត្តិ។ល។ ពីសំណាក់ម្ចាស់បំណុល ចំពោះកូនបំណុលដែល​កំពុងជួបការ​លំបាកដោយសារគ្រោះធម្មជាតិ៕